កូនខ្ញុំកើតព្រូន
ព្រូន
គឺជាបញ្ហាមួយដែលលោកអ្នកត្រូវមានការប្រុងប្រយ័ត្ន និងការការពារឱ្យបានល្អ។
មិនថាតែកុមារនោះទេដែលប្រឈមមុខនឹងការកើតព្រូន
មនុស្សធំក៏កើតបានដូចគ្នាដែរ។
ជាពិសេសកុមារដែលរស់នៅតំបន់ឆ្ងាយមិនបានធ្វើអនាម័យខ្លួនប្រាណ និង
បរិស្ថានរស់នៅមិនស្អាតល្អ។
ព្រូនធ្វើឱ្យរាងកាយមនុស្សបាត់បង់នូវការរីកធំធាត់ដោយសារវាស៊ីនូវសារធាតុចិញ្ចឹមទាំងឡាយដែល
មនុស្សបានបរិភោគទៅមួយផ្នែក និងអាចស៊ីឈាមនៅតាមភ្នាសរបស់ពោះវៀន។
តើត្រូវមានវិធានការដូចម្ដេចខ្លះដើម្បីកុំឱ្យកើត ព្រូន?
ដើម្បីជាការរួមចំណែកផ្ដល់ចំណេះដឹងអំពីការថែរក្សាសុខភាព
ទស្សនាវដ្ដី សុខភាពយើងបានជួបសម្ភាសន៍ជាមួយលោក វេជ្ជបណ្ឌិត ហ៊យ គឹមហេង
អ្នកឯកទេសរោគកុមារ នៅមន្ទីរពេទ្យកុមារជាតិ។
ព្រូន ជាអ្វី?
ព្រូន គឺជាពពួកប៉ារ៉ាសិត
ឬប្រភេទដង្កូវដែលរស់នៅក្នុងខ្លួនរបស់មនុស្ស។ ដង្កូវទាំងនេះមានបីប្រភេទ
គឺអៀនព្រូនចង្កឹះ (អាស្ការី) និងអង់គីឡូស្ដូម។
·
អៀន ៖ អាចសង្កេតឃើញមាននៅគូថរបស់កុមារ
ឬមនុស្សធំ។
·
ព្រូនចង្កឹះ ៖
វាមានលក្ខណៈដូចជន្លេនរស់នៅក្នុងពោះវៀនរបស់មនុស្ស។
·
អង់គីឡូស្ដូម ៖ ជាប្រភេទព្រូនម្យ៉ាងរស់នៅក្នុងពោះវៀន
និងស៊ីឈាមរបស់មនុស្ស។ មិនថាតែមនុស្សភេទណាឬវ័យណានោះទេ
អាចប្រឈមមុខនឹងការកើតព្រូនដូចៗគ្នា ប៉ុន្ដែកុមារប្រឈមមុខជាងគេ។
រោគសញ្ញាកើតព្រូន
កុមារកើតព្រូនមានរោគសញ្ញាមួយចំនួនដូចជារាករូស
ស្លេកស្លាំង ក្បាលពោះធំ កង្វះអាហារូបត្ថម្ភជាដើមដែលបណ្ដាល មកពីព្រូនស៊ីចំណីអាហារមួយផ្នែកដែលមនុស្សទទួលទានសម្រាប់ចិញ្ចឹមសព៌ាង្គកាយ។
ព្រូនអាចស៊ីឈាមនៅតាមភ្នាសរបស់ពោះវៀន
ធ្វើឱ្យប្រដាប់រំលាយអាហារមានវិបត្ដិ។ ទាំងមនុស្សចាស់ ទាំងវ័យក្មេង
ច្រើនតែយល់សប្ដិអាក្រក់មមើមមាយនៅពេលយប់ច្រើនតែ ដេកសង្គ្រឺតធ្មេញ។ អាចមានរោគសញ្ញាមួយចំនួនទៀតដូចជាក្អួត
រាក មិនចង់បរិភោគបាយចុកពោះ រមាស់ជាដើម។ ក្នុងករណី
ធ្ងន់ធ្ងរមានរោគសញ្ញាដូចជាការស្ទះពោះវៀនបណ្ដាលមកអំពីព្រូនចង្កឹះដែលផ្ដុំគ្នានៅក្នុងពោះវៀនជាដើម
រហូតតម្រូវឱ្យធ្វើការវះ កាត់ព្យាបាលទៀតផង។
មូលហេតុកើតព្រូន
មូលហេតុចម្បងបណ្ដាលមកពីការធ្វើអនាម័យមិនបានល្អ
ដូចជាអនាម័យខ្លួនប្រាណ ចំណីអាហារឬបរិស្ថានជាដើម។
1. អនាម័យខ្លួនប្រាណ ៖ ដោយសារអ្នកម្ដាយមួយចំនួនចូលចិត្ដទុកកុមារឱ្យនៅលេងផ្ទាល់នឹងដីហើយកុមារយកដៃដែល ប្រឡាក់ដីនោះទៅលូកដាក់ក្នុងមាត់បណ្ដាលឱ្យពងព្រូនដែលមាននៅក្នុងដីចូលទៅក្នុងខ្លួនរបស់កុមារបាន។
ចំពោះកុមារធំអាចឆ្លងដោយដៃនកាន់ចំណីអាហារ
និងរបស់មិនស្អាត ហើយមិនបានលាងដៃជាមួយសាប៊ូឬផេះមុនពេល បរិភោគអាហារ
ឬក្រោយពីការបន្ទោរបង់លាមករួច។
2. អនាម័យចំណីអាហារ ៖ មានអនាម័យម្ហូបអាហារ និងទឹកប្រើប្រាស់។
·
ម្ហូបអាហារមានដូចជាសាច់ បន្លែ
និងផ្លែឈើបរិភោគដែលមិនបានលាងសម្អាតបានល្អមិនបានគ្របឱ្យបាន ត្រឹមត្រូវ។
ជាហេតុបណ្ដោយឱ្យសត្វល្អិតដូចជារុយ ស្រមោច
កន្លាតមករោមឬឆ្លងកាត់ទំនៅលើចំណីអាហារដែលមានពងព្រូនជាប់
ជាមួយជើងសត្វល្អិតទាំងនោះដែលចម្លងចូលទៅក្នុងខ្លួនមនុស្សតាមរយៈការបរិភោគ។
·
ទឹកប្រើប្រាស់ ដូចជាការបរិភោគទឹកមិនស្អាត ឬចម្អិនមិនបានល្អ។
ការប្រើប្រាស់ទឹកត្រញំងស្រះដែល មិនបានធ្វើរបងការពារ អាចមានគោ ក្របី
មាន់មកផឹក និងជុះអាចម៍ដាក់ក្នុងទឹក។ នៅតាមតំបន់ដាច់ស្រយាល
ការប្រើប្រាស់ទឹក
និងអនាម័យទឹកនៅមានកម្រិតហើយមិនសូវមានការយកចិត្ដទុកដាក់ពីបញ្ហានេះឡើយ។
ម្យ៉ាងទៀត ការប្រើទឹកអណ្ដូង ដែលមានសត្វ
ឬជន្លេននៅក្នុងទឹកអាចបង្កឱ្យកើតមានរោគគ្រប់បែបយ៉ាងបានដែរ។
3. អនាម័យបរិស្ថាន ៖ បរិស្ថានជុំវិញផ្ទះមិនមានអនាម័យគ្រប់គ្រាន់
ដូចជាការបន្ទោរបង់លាមកមិនបានកប់ឬធ្វើបង្គន់ មិនបានត្រឹមត្រូវ។
លាមកសត្វពាហនៈ ភក់ជ្រាំ ធុំក្លិនមិនល្អនិងខ្យល់អាកាសមិនបរិសុទ្ធក៏ជាមូលហេតុបង្កការកើតព្រូនដែរ។
វិធីការពារដើម្បីកុំឱ្យកើតព្រូនប្រការចម្បងត្រូវមានអនាម័យល្អ
ជាពិសេសទាក់ទងនឹងការបង្កព្រូន គឺការអនាម័យខ្លួនប្រាណ
ចំណីអាហារនិងបរិស្ថាន។ គួរមានអនាម័យ ដូចជាការទុកដាក់ចំណីអាហារគ្របជានិច្ច
មិនត្រូវបណ្ដោយឱ្យកុមារលេងដីឬដាក់ផ្ទាល់នឹងដីនោះទេ។ ប្រយ័ត្ននៅ
រាល់ពេលចាប់កាន់របស់ដែលមិនល្អ ត្រូវលាងសម្អាតដៃនឹងសាប៊ូជាមុនជាប្រចាំ។
ត្រូវឧស្សាហ៍ងូតទឹកសម្អាតកុមារឱ្យបានបី ឬបួន ដងក្នុងមួយថ្ងៃ ឱ្យកុមារបរិភោគអាហារឱ្យបានគ្រប់គ្រាន់មានជីវជាតិនិងមានអនាម័យព្រមទាំងប្រើប្រាស់ទឹកស្អាតជាប់ជានិច្ច
និង សម្ភារៈក្នុងផ្ទះមានអនាម័យ។
ជាពិសេសគួរតែសម្អាតបរិស្ថានជុំវិញលំនៅដ្ឋានឱ្យបានស្អាត
ធ្វើបង្គន់អនាម័យឱ្យបានគ្រប់គ្នាទៅ តាមលទ្ធភាព។ ចៀសវាងកុំឱ្យរុយទំឬសត្វល្អិតផ្សេងៗប៉ះលើចំណីអាហារត្រូវបរិភោគទឹកឆ្អិនជានិច្ច។
បើលោកអ្នកអាចធ្វើអនាម័យ បាននូវប្រការខាងលើ នឹងចៀសផុតពីជម្ងឺផងទាំងពួង។
វិធីព្យាបាលព្រូន
មនុស្សទូទៅមិនថាក្មេង
ឬមនុស្សធំនោះទេទាមទារឱ្យទៅជួបគ្រូពេទ្យដើម្បីពិនិត្យនិងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវពេលមានបញ្ហាសុខភាព។
ប្រសិនបើលោកអ្នកមានបញ្ហា ដូចជាកើតព្រូនចង្កឹះ ឬអៀន
ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យចៀសវាង ការប្រើប្រាស់ថ្នាំដោយខ្លួនឯង។
ការប្រើប្រាស់ថ្នាំត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។
ក្រោយពីការព្យាបាលត្រូវផ្ដល់ចំណី អាហារឱ្យបានគ្រប់គ្រាន់ មានទាំងសាច់ បន្លែ
និងផ្លែឈើ។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកគិតគូរពីអនាម័យឱ្យបានត្រឹមត្រូវ
ទាំងការលាងសម្អាតដៃ ថែរក្សាប្រភពទឹកនិងរបស់របរប្រើប្រាស់ប្រចាំ ថ្ងៃ។
គប្បីរក្សាអនាម័យម្ហូបអាហារគ្រប់ពេលវេលា និងចៀសវាងកុំឱ្យកុមារតូចលេងនូវរបស់ដែលមិនស្អាតនិងផ្ដល់ចំណីអាហារឱ្យ
បានគ្រប់គ្រាន់ ដើម្បីអនាគតបវររុងរឿង។ រក្សាសុខភាពបានល្អ ជីវិតស្រស់ថ្លា
គ្រួសារមានសុភមង្គលសង្គមរីកចម្រើន។
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ច្រមុះមានទីតាំងនៅចំកណ្ដាលនៃផ្ទៃមុខដែលអាចជួយឱ្យសម្រស់របស់លោកអ្នកកាន់តែស្អាតឡើងបាន។
ជាមួយបញ្ហា សម្រស់ច្រមុះនៅមានបញ្ហាមួយចំនួនទៀតដែលទាក់ទងនឹងសុខភាព
ធ្វើឱ្យលោកអ្នកពិបាកទ្រាំ ហើយជួនកាលមានការឈឺចាប់
ទៀតផងនោះគឺជម្ងឺរលាកច្រមុះ។ ជម្ងឺរលាកច្រមុះអាចបណ្ដាលឱ្យមានគ្រោះថ្នាក់
បើមានការធ្វេសប្រហែសក្នុងការព្យាបាល។
លោកវេជ្ជបណ្ឌិត សុខ សំអាត ប្រធានផ្នែកព្យាបាលជម្ងឺច្រមុះ បំពង់ក
ត្រចៀក នៃមន្ទីរពេទ្យព្រះអង្គឌួង
បានបកស្រាយជម្រាបជូនលោកអ្នកឱ្យយល់ដឹងអំពីរឿងរ៉ាវផ្សេងៗដែលទាក់ទិននឹងការរលាកច្រមុះដែលមានលក្ខណៈរ៉ាំរ៉ៃ
តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ ជាអ្វី?
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃសំដៅដល់ការអន់ថយរួម
ឬរលាករ៉ាំរ៉ៃនៃភ្នាសរន្ធច្រមុះ
ដែលធ្វើឱ្យភ្នាសច្រមុះឡើងហើមផ្គួបផ្សំនឹងវិបត្ដិសំណើមផង។ វិបត្ដិសំណើមស្ដែងឡើងដោយមានសម្បោរច្រើន
ឯការរលាកភ្នាសវិញស្ដែងឡើងដោយភាពរីកធំ ពិសេសនៅម្ដុំ
សាច់ទួលក្រោមនៃជញ្ជាំងច្រមុះ។ ភាពរ៉ាំរ៉ៃអាចរាលដាលដល់ភ្នាសបំពង់ក
ឬទងសួតដែលរោគសញ្ញាទាំងនោះធ្វើឱ្យអ្នកជម្ងឺយល់
ច្រឡំខ្លួនឯងថាជាជម្ងឺសួតនិងធ្វើឱ្យមានបម្រែបម្រួលរូបសាស្ដ្រឬទម្រង់
ព្រមទាំងមានភាពអន់ថយនៃប្រព័ន្ធផ្លូវខ្យល់។ ជម្ងឺនេះមាន លក្ខណៈធ្ងន់ល្មម
ហើយបន្ដជាភាពញឹកញាប់និងកាន់តែខ្លាំងឡើងៗជាអចិន្ដ្រៃយ៍ធ្វើឱ្យអ្នកជម្ងឺបាត់បង់នូវសុខុមាលភាពជាបណ្ដើរៗ។
មូលហេតុជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃភាគច្រើនបណ្ដាលមកពីរលាកច្រមុះអាលែស្ស៊ី
ឬការរលាកផ្សេងៗ។ ការរីកសាច់ច្រមុះតឹងមិនមែន
មានន័យថាដុះសាច់ច្រមុះដូចលោកអ្នកមួយចំនួនយល់ច្រឡំឡើយ
ធម្មតាសាច់នោះមានគ្រប់ៗគ្នា ហើយគ្រប់គ្រងដោយប្រព័ន្ធ
សរសៃប្រសាទដោយឱ្យច្រមុះតឹងឆ្លាស់គ្នារាល់ពេលពី២ទៅ៨ម៉ោងម្ដង
ហើយមានលក្ខណៈតឹងជាប្រចាំបើវាមានលក្ខណៈរ៉ាំរ៉ៃ។
មានមូលហេតុជាច្រើនដែលអាចបង្កឱ្យមានជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ។
·
លោកអ្នកធ្លាប់មានប្រវត្ដិរលាកច្រមុះស្រួចស្រាវច្រើនដង
ដែលជាហេតុធ្វើឱ្យភ្នាសច្រមុះមិនអាចវិលមករកសភាពប្រក្រតីវិញបាន
·
លោកអ្នកមានការរលាកស៊ីនុសនៃច្រមុះ
ឬក៏មានវិបត្ដិនៃការរីករួមសាច់ច្រមុះ
·
លោកអ្នកមានសាច់ដុះធំនៅលើផ្នែកខាងក្រោយនៃរន្ធច្រមុះបណ្ដាលឱ្យមានឧបសគ្គដល់ការបង្ហូរសម្បោរ
·
លោកអ្នកដែលមានប្រតិកម្មជាមួយធូលី
សារធាតុគីមី និងសារធាតុពុលមួយចំនួន ដូចជាផ្សែងបារី
ឬក៏លោកអ្នកជាអ្នកជក់បារីផ្ទាល់តែម្ដង
·
ការរលាកច្រមុះរ៉ាំរ៉ៃអាចបណ្ដាលមកពីមជ្ឈដ្ឋានរស់នៅ
បរិស្ថានជុំវិញ ឬកត្ដាអាកាសធាតុ(ត្រជាក់ សើម ក្ដៅ)។
រោគសញ្ញាជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
រោគសញ្ញាដំបូង អ្នកជម្ងឺចាប់តឹងច្រមុះពីម្ខាងប្ដូរទៅម្ខាង
ជួនកាលតឹងទាំងសងខាងមានកម្រិតកាន់តែខ្លាំងជាលំដាប់
រួមជាមួយមានហៀរសម្បោរស្អិតគ្មានពណ៌
ជួនកាលមានខ្ទុះហូរចាក់ទៅផ្នែកក្រោយនៃរន្ធច្រមុះ។
ក្រៅពីនេះមានសញ្ញាបន្ទាប់បន្សំមួយ ចំនួនទៀត ដូចជាហៀរសម្បោរក្រហមបំពង់កញឹកញាប់
សម្លេងក្រងួរ ហៀរទឹកភ្នែក ឬរលាកបំពង់ក។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជម្ងឺ
ច្រើនអស់កម្លាំង គេងមិនលក់ ធ្ងន់ក្បាលឈឺក្បាល តានតឹងចិត្ដជាដើម។
ក្នុងស្ថានភាពរ៉ាំរ៉ៃ អ្នកជម្ងឺត្រូវមានប្រវត្ដិជាមូលហេតុក្នុង
ចំណោមចំណុចខាងលើទាំងអស់នេះរយៈពេលជាយូរមកហើយ។
រោគវិនិច្ឆ័យជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ដើម្បីឱ្យដឹងថាច្រមុះរបស់អ្នកជម្ងឺមានការរលាក ឬយ៉ាងណានោះ
ជាដំបូងត្រូវពិនិត្យច្រមុះ
រកឱ្យឃើញរន្ធច្រមុះដែលមានភាពតូចចង្អៀតដោយសាច់ច្រមុះដុះនៅសងខាងឡើងក្រហមរីកធំ
ពិសេសនៅត្រង់ទួលសាច់ច្រមុះក្រោម(គឺជាដំណាក់កាលរលាកច្រមុះរ៉ាំរ៉ៃ)ធម្មតាការប្រើថ្នាំបន្ដក់ពពួកបន្ធូរច្រមុះវានឹងរួញ
ហើយអាចឱ្យដកដង្ហើមតាមច្រមុះបានធូរ ជួនកាលមានលក្ខណៈជាដុំពក តូចៗ
ឬក្លាយជាដុះសាច់ចេញតូចៗ។ ឥទ្ធិពលនៃការវិវត្ដន៍
និងទីតាំងនៃការប៉ះពាល់រន្ធច្រមុះបណ្ដាលឱ្យមានរោគសញ្ញាខុសប្លែកៗគ្នា។
បើសភាពរីកធំនោះមាននៅលើក្បាលនៃទួលសាច់ច្រមុះកណ្ដាលវិញ
អ្នកជម្ងឺមានវិបត្ដិស្រង់ក្លិន ឈឺក្បាលខ្លាំង និងធ្វើឱ្យស្ទះប្រព័ន្ធ
សម្បោរនៃកោសិកានានានៃច្រមុះ។ ផ្ទុយទៅវិញបើសភាពរីកធំនៅលើកន្ទុយក្រោយនៃទួលសាច់ច្រមុះក្រោម
អ្នកជម្ងឺមានវិបត្ដិ ដង្ហើមច្រមុះចេញចូល។
រោគសញ្ញាខាងលើអាចឱ្យគេយល់ច្រឡំទៅនឹងជម្ងឺផ្សេងៗទៀតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា
ដូចជារលាកស៊ីនុសដោយសារការញាត់របស់ផ្សេងចូលច្រមុះលេង
ជាពិសេសកូនក្មេងធ្វើឱ្យដាច់សាច់អាដេណាអ៊ីតរីកធំ ឬរលាកច្រមុះដោយអាលែស្ស៊ី។
មានតែការពិនិត្យបន្ថែមដោយធ្វើការវិភាគឈាម វិទ្យុសាស្ដ្រ
ឬឆ្លុះអង់ដូច្រមុះដោយគ្រូពេទ្យឯកទេសទេ ទើបអាចបញ្ជាក់មូលហេតុ
ជូនលោកអ្នកបានច្បាស់លាស់។
ការព្យាបាលជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ការព្យាបាលជម្ងឺរលាកច្រមុះរ៉ាំរ៉ៃមាន២ដំណាក់កាល
គឺការប្រើប្រាស់ថ្នាំ និងការវះកាត់។
1. ការប្រើប្រាស់ថ្នាំ
ដើម្បីបំបាត់នូវមូលហេតុនានាខាងលើដែលស្គាល់ច្បាស់ ឬសង្ស័យចោល
លោកអ្នកចាំបាច់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបន្ដក់ពពួកបន្ធូរច្រមុះ
ព្រោះប្រសិទ្ធភាពវាអាចបន្ធូរច្រមុះបានតែមួយរយៈពេលតែប៉ុណ្ណោះ។
ក្រៅពីនេះលោកអ្នកត្រូវស្វែងយល់អំពី ហេតុផលផ្សេងៗដូចជាបរិស្ថាន
និងស្ថានភាពការងារប្រចាំថ្ងៃរបស់លោកអ្នក។ ក្នុងករណីខ្លះ
គ្រូពេទ្យអាចធ្វើការដុត
ឬលាបលើសាច់ដែលរីកធំដោយប្រើអាស៊ីតក្រូម៉ិកមួយភាគបី ឬអាស៊ីតទ្រីក្លអាសេទិក(ភាគច្រើនលើទួលសាច់ច្រមុះក្រោម)។
2. ការវះកាត់
ទោះបីជាការរលាកច្រមុះដោយអាលែស្ស៊ីត្រូវព្យាបាលជាចម្បងដោយវេជ្ជសាស្ដ្រក៏ដោយ
ក៏ការព្យាបាលដោយវះកាត់នៅតែជាចំណែកមួយជួយឱ្យបាននូវលទ្ធផលល្អ
ប្រសិនបើសាច់រីករ៉ាំរ៉ៃនោះមានលក្ខណៈចាំបាច់ត្រូវអនុវត្ដន៍
និងធ្វើឡើងនៅពេលដែលការព្យាបាលដោយថ្នាំមិនអាចធូរស្បើយបាន។
ដើម្បីបន្ថយផ្ទៃរីកធំនៃទួលសាច់ច្រមុះក្រោម
គ្រូពេទ្យអាចធ្វើការវះកាត់តាមវិធីជា ច្រើនដូចខាងក្រោម។
·
ការដុតដោយភ្លើង
·
ការចាក់ថ្នាំក្រិនឱ្យវារួញ
·
គ្រីយ៉ូដោយប្រើបំពង់តូចរត់ចូលដោយអាសូតរាវ
·
ដុតដោយកាំរស្មីឡាស៊ែរ ដោយប្រើឧស្ម័នកាបូនិក ឬជាតិអាហ្គរ (Argor)
·
ការកាត់សាច់ទួលច្រមុះក្រោមចេញ
ដោយប្រើកន្ដ្រៃកាត់នៅផ្នែកក្រោមនៃទួលសាច់ច្រមុះក្រោម ឬនៅផ្នែក
កន្ទុយឬក៏កាត់យកសាច់ដុះតូចៗចេញ ដោយប្រើធ្នាក់កឆ្កែ។
វិធីការពារជម្ងឺរលាកច្រមុះរ៉ាំរ៉ៃ
ជម្ងឺរលាកច្រមុះរ៉ាំរ៉ៃជាជម្ងឺដែលអាចបង្ការបានដោយលោកអ្នកត្រូវប្រតិបត្ដិនូវវិធីមួយចំនួន។
·
លោកអ្នកមិនគប្បីប្រើថ្នាំបន្ដក់ច្រមុះរយៈពេលយូរ
គ្មានវេជ្ជបញ្ជាត្រឹមត្រូវ លើសពី២សប្ដាហ៍ទេ ព្រោះថ្នាំនេះអាចធ្វើឱ្យច្រមុះមានសភាពតឹង
·
បើមានអាការតឹងច្រមុះយូរក៏អាចបណ្ដាលមកពីការរលាកផ្នែកផ្សេងៗ
ដូចជារលាកស៊ីនុសជាដើម។ លោកអ្នកត្រូវអញ្ជើញទៅឱ្យគ្រូពេទ្យពិនិត្យ
ដើម្បីឱ្យព្យាបាលនូវជម្ងឺនោះជាសះស្បើយ ទើបការតឹងច្រមុះអាចបាត់ទៅតាមនោះដែរ។
·
ការរលាកតឹងច្រមុះដោយរោគផ្ដាសាយឆ្លងនោះ
លោកអ្នកក៏មិនគួរបារម្ភច្រើននោះទេ
ព្រោះវានឹងអាចធូរស្រាលក្នុងរយៈពេលមួយអាទិត្យ។ ជាងនេះទៅទៀត
ការប្រើថ្នាំមួយចំនួនអាចធ្វើឱ្យមានការតឹងច្រមុះបាន
ដូចជាក្រុមថ្នាំបន្ដក់បន្ធូរច្រមុះ ក្រុម ថ្នាំបញ្ចុះសម្ពាធឈាមពពួកថ្នាំអាស្ពីរីនជាដើម។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលលោកអ្នកមានអាការតឹងច្រមុះលើសពី២សប្ដាហ៍ឡើងទៅ
ចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ចំណែកឯការកាត់
ឬដុតសាច់ច្រមុះមិនអាចធ្វើតាមចិត្ដបានទេ ព្រោះថាបើការកាត់នោះមានលក្ខណៈធំពេក
ពេលនោះអ្នកអាចនឹងទទួលនូវការរលាកច្រមុះរ៉ាំរ៉ៃបន្ថែមទៀត
គឺឫសដូងស៊ីច្រមុះ។