មហារីកក្រពះ


មហារីកក្រពះ មូលហេតុ និងវិធីព្យាបាល
       មហារីកក្រពះ ជាជម្ងឺមួយប្រភេទដែលកើតមាន លើមនុស្ស គ្រប់វ័យហើយ ប្រជាពលរដ្ឋគ្រប់រូប មានការភ័យខ្លាចជាខ្លាំង។ ជម្ងឺនេះអាចបង្កឱ្យ បាត់បង់ជីវិតបានប្រសិនបើព្យាបាលមិនទាន់
ពេលវេលា។ អ្នកដែល កើតមានជម្ងឺនេះដោយសារតែ បុគ្គលនោះរស់នៅដោយគ្មាន អនាម័យ។ ដូចនេះលោកអ្នកយកចិត្តទុកដាក់ក្នុងការរស់នៅឱ្យមានអនាម័យក៏ដូចជាបង្កា ដើម្បីចៀសវាងពីជម្ងឺមហារីកក្រពះផងដែរ។ ការពឹងផ្អែកទៅលើការការពារ ជាមុនគឺធ្វើឱ្យ ទទួលបានប្រសិទ្ឋភាពខ្ពស់ក្នុងការព្យាបាល។
      
លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ប្រធានផ្នែកថ្លើម ក្រពះ និងពោះវៀន នៅមន្ទីរពេទ្យ កាល់ម៉ែតមានវត្តមានមកបកស្រាយបំភ្លឺអំពីជម្ងឺមហារីកក្រពះជូនប្រិយមិត្តអ្នកអានឱ្យបាន ជ្រាបតាមរយៈទស្សនាវដ្តី សុខភាពយើង។
      
មហារីកក្រពះ ជាអ្វី?
      
មហារីកក្រពះជាជម្ងឺមួយប្រភេទដែលមានដំបៅមហារីកដុះនៅក្នុងក្រពះ។ នៅពេល ដែលដំបៅនៅ ក្នុងក្រពះកាន់តែរីកធំបន្តិចម្តងៗហើយចេះតែរីករាលដាលធ្វើឱ្យមានដំបៅ ក្រពះរ៉ាំរ៉ៃ រួចក្លាយទៅជាជម្ងឺមហារីកក្រពះ។
      
មូលហេតុបង្កមហារីកក្រពះ
      
មូលហេតុដែលធ្វើឱ្យ លោកអ្នកមានការកើតជម្ងឺមហារីកក្រពះ គឺដោយសាតែដំបៅ
រ៉ាំរ៉ នៅក្នុងក្រពះដែលដំបៅនេះចេះតែវិវត្តន៍បន្តិចម្តងៗក្លាយទៅជាដំបៅមហារីក។ដំបៅ នេះបណ្តាលមកពីកត្តាជាច្រើន ក្នុងនោះមានមូលហេតុមួយ គឺមេរោគម្យ៉ាងនៅក្នុងក្រពះ ដែលមេរោគនោះ មានឈ្មោះថា អេលីកូប៉ាក់ទែពីឡូរី ។ មេរោគនេះនៅក្នុងក្រពះយូរៗ ទៅធ្វើឱ្យក្រពះទៅជារលាក ដែលការរលាកក្រពះដំបូង គឺជាការរលាកតូចឈានទៅរក ការរលាករ៉ាំរ៉ៃ ហើយបណ្តាលឱ្យក្រពះ ក្លាយទៅជាមហារីក។ មានមូលហេតុមួយទៀត ដែលស្ថិតក្នុងការស្រាវជ្រាវនៅឡើយ ដោយសង្ស័យទៅលើ ចំណីអាហារដែលមិនស្អាត ឬអាហារដែលមានជាតិគីមី ក៏ អាចបង្កឱ្យកើតជម្ងឺមហារីកក្រពះនេះបានដែរ។
      
វិធីបង្ការជម្ងឺមហារីកក្រពះ
      
មហារីកក្រពះអាចធ្វើការទប់ស្កាត់ជាមុនបាន ដោយគ្រាន់តែលោកអ្នកមិនត្រូវជក់បារី មិនត្រូវទទួលទានស្រា ឬ ថ្នាំពេទ្យដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលជាភ្នាក់ងារបង្កឱ្យមាន ដំបៅក្រពះ។ ម្យ៉ាងទៀតលោកអ្នកត្រូវរស់នៅឱ្យមានអនាម័យ មិនត្រូវទទួលទានអាហារ បន្លែដែលលាងមិនស្អាត ឬ អាហារផ្អូមឡើយ។ ការចៀសវាងការទទួលទានអាហារខាង លើនេះ ក៏ដូចជាចៀសវាងកុំឱ្យមានមេរោគអេលីកូប៉ាក់ទែពីឡូរីនៅក្នុងខ្លួនដែរព្រោះមេរោគ នេះឆ្លងតាមរយៈ ចំណីអាហារមិនស្អាត ទឹកឆៅមិនបានដាំឱ្យពុះជាដើម។ លោកអ្នកត្រូវ ប្រញាប់ទៅកាន់មន្ទីរពេទ្យ ដើម្បីជួបជាមួយគ្រូពេទ្យ​ ធ្វើការឆ្លុះក្រពះ ប្រសិនបើលោកអ្នក សង្ស័យថាមានជម្ងឺមហារីកក្រពះ ព្រោះជម្ងឺនេះ ជួនកាលមិនមានរោគសញ្ញាពិសេសណា មួយឡើយ។
      
ផលប៉ះពាល់របស់ជម្ងឺមហារីកក្រពះ
      
ជម្ងឺមហារីកក្រពះ បង្កឱ្យលោកអ្នកមានផលពិបាក យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ច គ្រួសារព្រោះនៅក្នុងគ្រួសារ ដែលមានសមាជិកមានជម្ងឺ ពិតជាធ្វើឱ្យអស់ថវិការច្រើនក្នុង ការចំណាយព្យាបាល។ ជាពិសេសបើអ្នកជម្ងឺដែលត្រូវជាមេគ្រួសារទទួលបន្ទុកទៀតនោះ សង្គមគ្រួសារពិតជាមានការលំបាក ហើយបាត់បង់នូវការងាររកស៊ី ចិញ្ចឹមជីវិតប្រចាំថ្ងៃរួច ហើយធ្វើឱ្យបាត់បង់ចំណូលគ្រួសារ។ ជាពិសេសអាចជះឥទ្ឋិពលទៅដល់កូន ដូចជាធ្វើឱ្យ រំខានដល់ការសិក្សា រៀនសូត្ររបស់កូន ដោយសារទទួលបន្ទុកជំនួស អាណាព្យាបាល ដែលមានជម្ងឺ។
      
ដំបូន្មានអ្នកឯកទេស
      
លោកអ្នកត្រូវរស់នៅឱ្យមានអនាម័យ ដើម្បីចៀសវាងមានមេរោគអេលីកូប៉ាក់ទែ
ពីឡូរី នៅក្នុងក្រពះ បង្កឱ្យមានជម្ងឺមហារីកក្រពះក៏ដូចជាចៀសវាងមិនឱ្យមានជម្ងឺផ្សេង ទៀតដែរ ដូចជារាករូស ឬ ជម្ងឺផ្សេងៗទៀត។ ព្រោះជម្ងឺនេះ ឆ្លងតាមរយ:ការរស់នៅ គ្មានអនាម័យ និងចំណីអាហារមិនស្អាត។ លោកអ្នកត្រូវប្រញាប់មកកាន់មន្ទីរពេទ្យដើម្បី ជួបគ្រូពេទ្យ ដែលមានឯកទេសពិតប្រាកដធ្វើការវិភាគ ឱ្យបានច្បាស់លាស់ គួរព្យាបាល តាមរបៀបណាដើម្បីឱ្យមានប្រសិទ្ឋភាព។
      
បណ្តំាផ្ញើរ : នៅលេខក្រោយៗទៀត ទស្សនាវដ្តី សុខភាពយើង នឹងបន្តលើកយក ជម្ងឺមហារីកផ្លូវរំលាយអាហារដទៃទៀតមកជម្រាបជូនជាបន្តបន្ទាប់ទៀត ដូចជាមហារីក បំពង់អាហារ មហារីកពោះវៀនធំជាដើម។ សូមរង់ចាំអានដោយអនុគ្រោះ។
      
ដោយ :  វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ប្រធាន ផ្នែកថ្លើម ក្រពះ និង ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត៕