Saturday, October 12, 2013

សញ្ញា​ទាំង ១០​នៃ​ការ​ឈឺពោះ​សម្រាល​

 

 អ្នក​អាច​នឹង​រំពឹង​នូវ ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​ទារក​អ្នកនឹង​កើត​ចេញ​មក​។ វា​ជា​ការធម្មតា​នោះទេ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ស្ថិត​ក្នុង​ត្រីមាស​ចុងក្រោយ តែង​មាន​ការព្រួយបារម្ភ និង រំពឹង​ទុក​នូវ​ព្រឹត្តិការណ៍​ដ៏​មាន​ន័យ​នេះ ។ ដើម្បី​បំបាត់​នូវ​សម្ពាធ​របស់​អ្នក បាន​បន្តិច​នោះ អ្នក​អាច​ស្វែង​យល់​សញ្ញា​ទាំង ១០​ខាងក្រោម ដែល​បញ្ជាក់ថា អ្នក​ស្ថិតក្នុង​ដំណាក់ កាល​នៃ​ការ​ឈឺពោះ​សម្រាល ហើយ​វា​នឹង​អាច​អោយ​អ្នក​ត្រៀមខ្លួន​បាន​ជា​ស្រេច ក្នុងការ​ប្រឈម​នឹង ព្រឹត្តិការណ៍​នេះ​៖

១. ទារក​ក្នុង​ផ្ទៃ​ចាប់ធ្វើ​ចលនា​ចុះក្រោម​

     អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ទារក​អ្នក​ប្រឹង​រើ​ចុះ​ក្រោម​ជាង​ពេល​ធម្មតា​។ គឺថា វា កំពុង​ត្រៀមខ្លួន ជាស្រេច ក្នុង​ការ​ចេញ​មក ពិភព​ខាងក្រៅ​។​

២. អ្នក​អាច​ដកដង្ហើម​ងាយស្រួល​ជាង​មុន​

    ដោយសារ​តែ​ទារក​អ្នក បាន​ធ្លាក់​ចុះ​ក្រោម វា​បាន​សម្រាល​ដល់​សម្ពាធ មួយចំនួន ដែល​មាន​នៅ​លើ ឆ្អឹង​សន្ទះ​ទ្រូង​របស់​អ្នក​។ ដូចនេះ វា​បាន​ធ្វើអោយ​អ្នក ដកដង្ហើម​ងាយស្រួល​ជាង​ពេល​ធម្មតា​។ អ្នកនឹង សម្គាល់​ឃើញថា ខ្លួន​អ្នក​ហាក់​នឹង​មិន​សូវ​ដកដង្ហើម​ខ្លីៗ ដូចពេលមុន​នោះ​ទេ​។​

៣. អ្នក​មាន​អារម្មណ៍​ថា​ប្លោកនោម​របស់​អ្នក​ហាក់​នឹង​ចង់​ផ្ទុះ​ចេញ​

    ឆ្អឹង​សន្ទះ​ទ្រូង​របស់​អ្នក ហាក់​នឹង​មាន​ភាព​ធូរស្រាល​ជាង​មុន ប៉ុន្តែ​ប្លោកនោម​របស់​អ្នក ហាក់​នឹង ស្ថិត​ក្នុង​ដំណាក់កាល ដែល​ស្ទើរនឹង​ផ្ទុះ​បែក ដោយសារតែ ដងខ្លួន​របស់​ទារក បាន​សង្កត់​ទៅលើ​ប្លោកនោម របស់​អ្នក​ជា​ខ្លាំង​។ ដូច្នេះ អ្នកនឹង សម្គាល់​ឃើញថា ខ្លួន​អ្នក​ត្រូវរ​ត់​ទៅ​បន្ទប់ទឹក កាន់តែ​ញឹកញាប់ ជាង​មុន​។​

៤. អ្នកនឹង​សម្គាល់​ឃើញ​មាន​នូវ​ការ​ធ្លាក់ឈាម​

    វា​គឺជា​ភា្ន​ស​ឆ្នុក ការពារ​ទារក​អ្នក ហើយ​វា​នឹង​ធ្លាក់​ចេញមក ក្នុង​សភាព​លាយ​ឈាម ដែល​ចាស់ៗ តែង​ហៅថា ការ​ធ្លាក់ឈាម​ត្រា​។ ជាធម្មតា វា​គឺជា​ភ្នាស​ស្តើង​ដែល គ្របដណ្តប់​មាត់ស្បូន អ្នក ដើម្បី​ធ្វើ ការ ការពារ​បាក់តេរី​អាក្រក់ មិន​អោយ​ឆ្លង​ចូលទៅក្នុង ទ្វារមាស​របស់​អ្នក​។ ការ​ធ្លាក់ឈាម​ត្រា​នេះ គឺជា សញ្ញា មួយ​ដែល​បញ្ជាក់ថា ការ​ឈឺពោះ​សម្រាល​នឹង​ខិតជិត​ចូលមក​ដល់​។ ឈាម​ត្រា​នេះ គឺ​មាន​សភាព ទន់ និង សណ្ឋាន​អន្លាយៗ មើល​ទៅ​ដូច​ជា ស្លេស​។ វា​អាច​មាន​ពណ៌​ផ្កាឈូក ឬ មាន លាយ​ជាមួយ ចំណុច​ក្រហមៗ ។ ហើយ​វា​ក៏​អាច មាន​សភាព​ថ្លា​ផងដែរ​។​

៥. អ្នក​មាន​ការ​បែក​ទឹក​ភ្លោះ​

    នេះ​គឺជា​សញ្ញា ដែល​តែងតែ​ត្រូវបាន​បង្ហាញ​នៅក្នុង​ខ្សែភាពយន្ត ដែល​វា​គឺជា​ពេល ដែល​ស្ត្រី​មាន ផ្ទៃពោះ ចាប់​មាន​ការហូរ​ទឹក ចេញពី​ទ្វារមាស​របស់​នាង​។ នៅពេលដែល​មាន​សភាព​នេះ​កើត ឡើង អ្នក​ត្រូវ​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ អោយបាន​ជា​បន្ទាន់ ។​

៦. អ្នកនឹង​យល់ឃើញថា​ខ្លួន​អ្នក​ហាក់​មាន​កម្លាំង​ខ្លាំងក្លា​

     ប្រសិនបើ​ពេល​ភ្លាមៗ​នោះ ដែល​អ្នក​ចាប់ផ្តើម​ធ្វើ​ការសម្អាតរ​បស់​របរ ក្នុងផ្ទះ ហើយ​បែរជា​សម្គាល់ ឃើញថា ខ្លួន​អ្នក​មាន​ថាមពល​ជាង​មុន ជាជាង ការ​ដែល​មាន​អារម្មណ៍​ថា ងងុយ​គេង នោះ​វា​អាចជា សញ្ញា​មួយ នៃ​ការ​ឈឺពោះ​សម្រាល​ជិត​ចូលមក​ដល់ ។​វា​ជា​សភាវគតិ នៃ​ការ​សម្រាល​មួយ​។​

៧. មាត់ស្បូន​របស់​អ្នក​ចាប់ផ្តើម​ស្តើង​

     សភាព​នៃ​ការឡើង​ស្តើង របស់​មាត់ស្បូន អាច​នឹង​ត្រូវ​បាន វាស់ និង កំណត់​បាន​ដោយ ការពិនិត្យ របស់​ឆ្មប និង វេជ្ជបណ្ឌិត ។ វា​ត្រូវ​បាន​គេ​ហៅថា ការបើក​របស់​មាត់ស្បូន​។​

៨. មាត់ស្បូន​របស់​អ្នក ចាប់ផ្តើម​ពង្រីក​ទំហំ​

     វា​មានន័យថា មាត់ស្បូន​របស់​អ្នក ចាប់ផ្តើម​បើកចំហ​ឡើង ដើម្បី​រង់ចាំ​ការចាប់​កំណើត​របស់ ទារក​អ្នក​។​

៩. អ្នកនឹង​ជួប​នូវ​បញ្ហា​នៃ​ការ​ចុក​រោយ​ចង្កេះ​


    នេះ​គឺជា​សញ្ញា ម្យ៉ាង​ផ្សេងទៀត នៃ​ការ​ឈឺពោះ​សម្រាល ដោយសារ​តែ​ទារក​អ្នក ចាប់ផ្តើម​ធ្លាក់ចុះ​មក ក្រោម ហើយ​វា​នឹង​ធ្វើអោយ​អ្នក​ចុក​រោយ​ចង្កេះ​ជាខ្លាំង ។​

១០. អ្នក​ចាប់ផ្តើម​ទទួល​អា​ម្មណ៍​នៃ​ការ​កន្ត្រាក់​របស់​ស្បូន​

    នេះ​គឺជា​សញ្ញា​ដ៏​ច្បាស់​មួយ នៃ​ការ​ឈឺពោះ​សម្រាល​។ នៅពេល​ដែល​អ្នក កំពុង​បន្ត​នូវ​ដំណាក់កាល​នៃ​ការ​ឈឺពោះ​សម្រាល នោះ​ការ​កន្ត្រាក់​របស់​ស្បូន នឹង​កើតមាន​ជា​ទៀងទាត់ ជាមួយនឹង គ​ន្លាត ច្បាស់លាស់​មួយ​។ ពួកវា​នឹង​ចាប់ កាន់តែ​ខ្លាំង​ឡើងៗ និង មិនសូវ​ឃ្លាតឆ្ងាយ​ពីគ្នា​។​



    ប្រសិនបើ​អ្នក​កើត​មាន​នូវ​សញ្ញា នៃ​ការ​ឈឺពោះ​សម្រាល​ខាងលើនេះ នោះ​អ្នក​គប្បី​ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ អោយបាន​ឆាប់រហ័ស ៕